អភិបាលខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខលោក ទួន រីណា និងលោក ចំរើន ច័ន្ទដែន ដែលជាវីរៈកងទ័ព និងកងកម្លាំងឈរជើងនៅសមរភូមិមុខ


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខលោក ទួន រីណា និងលោក ចំរើន ច័ន្ទដែន ដែលជាវីរៈកងទ័ព និងកងកម្លាំងឈរជើងនៅសមរភូមិមុខ ដ៏អង់អាចក្លាហាន ដែលបានរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវសៀម ដែលបច្ចុប្បន្នលោកទាំងពីរ បាននិងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តបាននាំយកនូវថវិកា និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគមួយចំនួនទៀតឧបត្ថម្ភជូនដល់កងកម្លាំងទាំងពីរ ដើម្បីជាការតបស្នងសងគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីសត្រូវឈ្លានពានសៀម នាពេលកន្លងទៅនេះ។
ជាមួយគ្នានេះឯកឧត្តម សួន សុម៉ាលីន បានអរគុណជាអនេក និងសូមជូនពរដល់វីរកងទ័ពទាំងពីររូប ឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អបរិបូណ៌ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំក្រុមគ្រួសារវិញ ក្នុងពេលឆាប់ៗនេះ និងបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕