ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ពីមានភ្ញៀវទេសចរបរទេសជាង៦១ម៉ឺននាក់ កើនឡើង៥.៣៩%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ។
ដោយគិតតែក្នុងខែកក្កដាកន្លងទៅនេះ មានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៥១ ០៩៨ នាក់ ចូលទស្សនា រមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ២ ៣២៧ ១៨៦ ដុល្លារ ថយចុះ១៧.៤៧%។
បន្ថែមពីនេះ មានភ្ញៀវទេសចរបរទេស ១២ ៧៨១ នាក់ ចូលទស្សនានៅប្រាសាទកោះកែ ដោយទទួលបានចំណូល ១៩១ ៧១៥ដុល្លារ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។
លើសពីនេះ ក្នុងរយៈពេល៧ខែនេះ ការលក់សំបុត្រនៅប្រាសាទបេងមាលា ទទួលបានចំណូល ៩១ ០៥០ដុល្លារ ពីភ្ញៀវចំនួន ៩ ១០៥ នាក់, ការលក់សំបុត្រនៅភ្នំក្បាលស្ពានទទួលបានចំណូល ៣ ៧១៥ដុល្លារ ពីភ្ញៀវចំនួន ៧៤៣នាក់ និងចំណូលពីការលក់សំបុត្រទូកមានចំនួន ៣៩៨ ០៥៤ដុល្លារ។
ទន្ទឹមគ្នានេះ រយៈពេល ០៧ខែនេះ គ្រឹះស្ថានអង្គរ ឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា ចំនួន ១ ២៣៧ ៥៤២ ដុល្លារ៕