រដ្ឋមន្រ្តីសង្គមកិច្ច និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពជួរមុខបានពលីក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ នៅខេត្តឧត្ដរមានជ័យ


ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពជួរមុខដែលបានពលីក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពខ្មាំងឈ្លានពានសៀម ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅវត្តប្រសាទរាជាសំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បានលើកឡើងថា «ការពលីរបស់វីរកងទ័ព គឺជាការបាត់បង់វីរយុទ្ធជនដ៏អង់អាចក្លាហានបំផុត យើងខ្ញុំទាំងអស់គ្នាសូមបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ វីរកងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានពីខ្មាំងសត្រូវ»។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្ថែមទៀតថា ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះដួងវិញ្ញាណក្ខន្ធវីរកងទ័ព សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕