អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូសួរសុខទុក្ខ យោធិនរងរបួសនៅមន្ទីរពេទ្យយោធា


នៅថ្ងៃទី២ ខែសីហាឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានទៅចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមនៅថវិកាចំនួន ៥លានរៀល និងសម្ភារៈមួយចំនួនទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

យោធិនដែលរបួសមានឈ្មោះ រិទ្ធ សុខនឿន អាយុ៣៧ឆ្នាំ ឋានន្តរស័ក្តិព្រឹន្ទបាលទោអង្គភាព វរសេនាតូចលេខ២ ចំណុះកងពលតូអន្តរាគមនលេខ១ ទីលំនៅបច្ចុប្បន្ន ភូមិវិហារខ្ពស់សង្កាត់ វាំងចាស់ ក្រុងឧត្តុងម៉ែជ័យ ខេត្កកំពង់ស្ពឺ ឈរជើងនៅចំណុច ស្រះទឹកជណ្តើរបុរាណប្រាសាទព្រះវិហាររងរបួសកាលពីយប់ ថ្ងៃទី២៥ ខែកក្កដា ២០២៥ នៅចំណុច ចន្លោះផ្លូវបំបែកតាថាវ និងភ្នំ៣៣៣ជាទីតាំង សមរភូមិប្រយុទ្ធគ្នាសព្វថ្ងៃកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យព្រះកេតមាលា ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ ថ្លែងថា «ពេលនេះយើងត្រូវរួមគ្នាដើម្បីអនាគតកម្ពុជានេះគឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នា។ ប្រទេសរបស់យើងមិនត្រូវការជម្លោះទេ ហើយតម្រូវឱ្យមានការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័ន ដូចជារដ្ឋាភិបាល អង្គការ សហគមន៍ និងបុគ្គលម្នាក់ៗ។ យើងត្រូវតែរួបរួមគ្នាកៀកស្មាគ្នា គាំទ្រគ្នាដើម្បីការពារមាតុភូមិនៃយើង»។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានកោតសរសើរដល់វីរៈកងទព័ដោយ ជូនពរឱ្យឆាប់ជាសះស្បើយ និងផ្តាំផ្ញើដល់វីរៈកងទព័ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ សុំឱ្យបងប្អូនធ្វើចិត្តឲ្យស្ងប់ក្នុងការមើលថែ សុខភាពឲ្យបានល្អ ខណៈនិងកងទព័ជួរមុខបានលះបង់ការពារបូរណៈ ភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕