ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានណែនាំអាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមក ពីប្រទេសថៃ។
ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ឯកឧត្តម សុខ លូ បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរវិលត្រឡប់ មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងជាង៣០ម៉ឺននាក់។
ឯកឧត្តម សុខ លូ ថ្លែងអំណរគុណអាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលបានខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរ វិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ឯកឧត្តមបានបន្តថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិត ខំយកចិត្តទុកខ្លាំងណាស់ធ្វើយ៉ាងណាឱ្យពលករខ្មែរវិលចូលប្រទេសវិញ ប្រកបដោយភាពសុខស្រួល។ បងប្អូនពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ បងប្អូនពលករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។
សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនទៅដល់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាព និងឥតគិតថ្លៃ។
ជាមួយគ្នានោះ អាជ្ញាធរមកពីតាមបណ្ដាខេត្តនានា ក៏បានមកចាំទទួលនិងដឹកជញ្ជូនបងប្អូនពលករខ្មែរត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ដោយសុវត្ថិភាព។
រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕