ពលរដ្ឋខ្មែរនៅបារាំង ១ពាន់នាក់ ជួបជុំសម្តែងមតិប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា


នៅទីលាន Trocadéro ក្នុងទីក្រុងប៉ារីស បានក្លាយជាទីតាំងនៃការប្រមូលផ្តុំដ៏សំខាន់មួយរបស់សហគមន៍ខ្មែរនៅប្រទេសបារាំង។ ប្រជាជនខ្មែរប្រមាណ ១០០០នាក់ បានជួបជុំគ្នា ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ លើកកាន់ផ្ទាំងបដា និងរូបភាពជាច្រើនពាន់សន្លឹក និងបន្លឺសំឡេងយ៉ាងខ្លាំងក្លា ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។

គោលបំណងចម្បងនៃការជួបជុំនេះ គឺដើម្បីអំពាវនាវយ៉ាងច្បាស់លាស់ និងបន្ទាន់ទៅកាន់ប្រទេសថៃ។ អ្នកចូលរួមការជួបជុំនេះបានស្រែកទាមទារឱ្យមានការគោរពច្បាប់អន្តរជាតិ ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវយោធិនខ្មែរ ១៨នាក់ ដែលត្រូវបានប្រទេសថៃចាប់ឃុំខ្លួនដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះសបញ្ជាក់ពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២យប់ រំលងអធ្រាត។ ពួកគេក៏បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់ការប៉ុនប៉ងបំភាន់ព័ត៌មានដល់សហគមន៍អន្តរជាតិជុំវិញជម្លោះនេះផងដែរ។

ក្រៅពីការទាមទារទាំងនេះ អ្នកចូលរួមក៏បានលើកឡើងនូវក្តីបារម្ភជាទូទៅផងដែរ។ ពួកគេបានជំរុញឱ្យសហគមន៍អន្តរជាតិ និងអង្គការយូណេស្កូ ជួយអន្តរាគមន៍ដើម្បីការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទព្រះវិហារ ដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសកម្មភាពទម្លាក់គ្រាប់បែក និងការវាយប្រហាពីយន្តហោះចម្បាំង F-16 របស់ប្រទេសថៃ។ ពួកគេបានទទូចឱ្យប្រទេសថៃមកចូលរួមដោះស្រាយវិវាទព្រំដែននេះ នៅមុខតុលាការយុត្តិធម៌អន្តរជាតិ (CIJ) ជាជាងតាមរយៈជម្លោះប្រដាប់អាវុធ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគោរពច្បាប់អន្តរជាតិ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌។

ព្រឹត្តិការណ៍បានចាប់ផ្តើមដោយការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមចាប់ពីម៉ោង ២៖៣០រសៀល នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ជាមួយនឹងភ្លេងជាតិកម្ពុជា ដែលជានិមិត្តរូបនៃអធិបតេយ្យភាព និងបូរណភាពទឹកដី។ ប្រជាជនខ្មែរក៏បានសង្រួមអារម្មណ៍ស្ងៀមស្ងាត់ រយៈពេល ១នាទី ដើម្បីឧទ្ទិសដល់បុព្វបុរស និងទាហានដែលបានបូជាជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងចូលរួមរំលែកទុកដល់ក្រុមគ្រួសារទាហានពលី និងរបួសទាំងនោះផងដែរ។ លោកស្រី តូច អូត្រា តំណាងសហគមន៍ខ្មែរ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដោយបំផុសគំនិត សង្កត់ធ្ងន់លើសាមគ្គីភាពជាតិ និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព។

សកម្មភាពផ្សេងៗរបស់អ្នកចូលរួម រួមមាន៖ ការបកស្រាយចម្រៀងរួមគ្នា «ឱ ទង់ជាតិខ្មែរ» និង «ដែនដីខ្មែរ» ការលើកបដាស្រែកបញ្ចេញមតិ បង្ហាញពីការខឹងសម្បារ និងការទាមទារ ត្រូវបានបន្លឺឡើង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរបុរស គាំទ្រគ្រួសារជនរងគ្រោះ និងបញ្ជាក់ពីកាតព្វចូលរួមក្នុងកិច្ចការពារទឹកដីកម្ពុជាជាទីស្រឡាញ់របស់ពួកគេ។ ពាក្យស្លោកដ៏រស់រវើកបានបន្លឺឡើងដូចជា «ថៃត្រូវគោរពច្បាប់អន្តរជាតិ!» «ថៃត្រូវដោះលែងទាហានរបស់យើងដែលកំពុងជាប់ឃុំជាបន្ទាន់!» «យូណេស្កូ! ចូលរួមការពារបេតិកភណ្ឌពិភពលោករបស់យើង!» «យើងថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជា!» «ថៃឈប់កុហកពិភពលោក!» «ថៃ! យើងជួបគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ!» ជាដើម។ ការបញ្ចេញមតិរួមគ្នាទាំងនេះបានពង្រឹងសារនៃការឯកភាព សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់អ្នកចូលរួមទាំងអស់។

ក្នុងអំឡុងព្រឹត្តិការណ៍នេះ អ្នកចូលរួមបានចុះហត្ថលេខាលើញត្តិថ្កោលទោសមួយ ចំពោះការឈ្លានពានរបស់ថៃមកលើកម្ពុជា និងអំពាវនាវសហគមន៍អន្តរជាតិ ឱ្យចូលរួមឃ្លាំមើល និងជំរុញថៃអោយឈប់ចិញ្ចឹមចិត្តឈ្លានពានកម្ពុជា និងងាកមកដោះសា្រយគ្នាតាមផ្លូវតុលាការ។

សហគមន៍ខ្មែរបានថ្លែងអំណរគុណជាពិសេសដល់សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ចំពោះការសម្របសម្រួលបទឈប់បាញ់សម្រាប់ប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ប្រទេសបារាំង និង អង្គការ OIF ចំពោះការគាំទ្រផ្នែកការទូតរបស់ពួកគេ និងថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះកិច្ចខិតខំប្រឹងប្រែង តាមដាន និងចូលរួមជាសាក្សីក្នុងការចរចាសន្តិភាព ព្រមទាំងថ្លែងអំណរគុណដល់រាល់ប្រជាជាតិទាំងអស់ដែលបានខិតខំដើម្បីជំរុញថៃឱ្យចូលរួមរកដំណោះស្រាយដោយសន្តិវិធីនៅមុខតុលាការយុត្តិធម៌អន្តរជាតិ CIJ៕