ឯកឧត្តម ប៉ែន បូណា៖ សំឡេងរបស់ពលរដ្ឋខ្មែរ លាន់លឺពាសពេញពិភពលោក សបញ្ជាក់ប្រាប់អន្តរជាតិឱ្យមើលឃើញថាកម្ពុជា និងពលរដ្ឋខ្មែរត្រូវការរស់នៅក្នុងសុខសន្តិភាព ហើយសន្តិភាពជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងយុគសម័យតេជោធិបតី


ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សំឡេងរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅស្រុក ដែលលាន់លឺពាសពេញពិភពលោក គឺសបញ្ជាក់ប្រាប់សហគមន៍អន្តរជាតិទាំងមូលឱ្យមើលឃើញថាកម្ពុជា និងប្រជាពលរដ្ឋខ្មែរត្រូវការរស់នៅក្នុងសុខសន្តិភាព និងគ្មានការបំពារបំពាន ហើយសន្តិភាព ជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងយុគសម័យតេជោធិបតី។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងអំណរគុណដល់ជនរួមជាតិកម្ពុជាទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានក្រោកឈរឡើងយ៉ាងស្រុះគ្នា ដើម្បីស្រែកការពារសន្តិភាព គាំទ្រកងកម្លាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហានរបស់កម្ពុជា និងបានទាមទារ ឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញឱ្យបានឆាប់។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងយ៉ាងដូច្នេះថា៖ «សំលេងរបស់ប្រជាពលរដ្ឋខ្មែរ ដែលលាន់លឺពាសពេញពិភពលោក នៅពេលនេះសបញ្ជាក់ប្រាប់សហគមន៍អន្តរជាតិទាំងមូលឱ្យដឹងយ៉ាងច្បាស់ថា កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ត្រូវការរស់នៅក្នុងសុខសន្តិភាព និងគ្មានការបំពារបំពាន។ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត»

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺសុំសិទ្ធិតែការពារបូរណភាពទឹកដីរបស់ខ្លួន ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនចេញពីការបំពារបំពាន និងការប្រមាថមាក់ងាយតែប៉ុណ្ណោះ។

ឯកឧត្តម ប៉ែន បូណា បានបន្តថា ប្រជាពលរដ្ឋខ្មែរទាំងអស់ សុទ្ធតែយល់ដឹងថា សន្តិភាព ជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងយុគសម័យតេជោធិបតី ថ្នាក់ដឹកនាំរបស់កម្ពុជាចាត់ទុកសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ គឺជារបស់ដ៏មានតម្លៃជាងអ្វីៗទាំងអស់ ហើយជារបស់ដ៏កម្រក្រក្រៃណាស់ សម្រាប់កម្ពុជា ក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។

ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ជូនជនរួមជាតិ ឱ្យបានជ្រាបជាថ្មីថា បទឈប់បាញ់ដែលបានចូលជាធរមាន តាំងពីពាក់កណ្តាលអធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គឺកើតឡើងដោយស្មារតី ស្រឡាញ់សុខសន្តិភាព នៃថ្នាក់ដឹកនាំរបស់កម្ពុជា ក្រោមការជួយជ្រោមជ្រែងពីបណ្តាមេដឹកនាំប្រទេសធំៗ ដែលស្រឡាញ់សន្តិភាព ដូចកម្ពុជាដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះក៏ទទួលបានការសាទរ ពីបណ្តាប្រទេសមេដឹកនាំពិភពលោក ជាច្រើន។ បច្ចុប្បន្ននេះ ការអនុវត្តបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និថៃ កំពុងតែស្ថិតនៅក្រោមក្រសែភ្នែក តាមដានដោយយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ៕