នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ។
ជាញឹកញយ សារព័ត៌មានថៃ តែងតែបំភ្លៃវាយប្រហារមកលើកម្ពុជា ដោយធ្វើការផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នកបាញ់មុន កម្ពុជាអ្នកប្រើប្រាស់អាវុធធុនធ្ងន់ កម្ពុជាបាញ់ទៅលើមូលដ្ឋានជនស៊ីវិល ឬកម្ពុជារំលោភបទឈប់បាញ់ជាដើម។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា «នាថ្មីៗនេះ ថៃបានយកវីដេអូក្លែងក្លាយ មកបកស្រាយ ជាខ្លឹមសារបំភ្លៃមិនពិត លាបពណ៌ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ ទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាព ឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនូវកំដៅមិនចាំបាច់»។
លោកជំទាវបានបន្តថា កម្ពុជាទទូចឱ្យ ពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ។ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃ ចៀសវាងបង្ហោះដ្រូន ចូលមកដែនអាកាសកម្ពុជាបន្តទៀត ហើយកម្ពុជានឹងមានវិធានការសមស្របចំពោះការរំលោភបំពានអធិបតេយ្យកម្ពុជាផងដែរ៕