កម្ពុជាបន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំង១៨នាក់ទៀត ដែលនៅសេសសល់ ត្រឡប់មកវិញឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើតាម លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវបានបញ្ជាក់ដូច្នេះថា៖ «ចំពោះកងកម្លាំងរបស់យើង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ តាំងពីព្រឹកព្រលឹមវេលាម៉ោង៧៖៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មកនោះ ភាគីថៃមិនទាន់បញ្ជូនមកកម្ពុជាវិញនៅឡើយទេ ក្រៅពីកងកម្លាំង២រូប ដែលមានរបួស យើងបានទទួលនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដូច្នេះកម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀត ឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
លោកជំទាវឧត្តមសេនីយ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តចរចាយ៉ាងយកចិត្តទុកដាក់ ស្របជាមួយគ្នានេះកម្ពុជា ក៏បានស្នើឱ្យម៉ាឡេស៊ី ជួយជំរុញឱ្យថៃ ឆាប់ប្រគល់កងកម្លាំងទាង១៨នាក់នោះ ឱ្យត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមអះអាងអំពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា «យើងនឹងមិនទុកសមាជិករបស់យើងណាម្នាក់ចោល ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕