សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងសួរសុខទុក្ខ និងប្រទានថវិកា ថ្នាំពេទ្យ គ្រឿងបរិភោគដល់កងទ័ព និងជនភៀសសឹក នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ


សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី បានយាងដឹកនាំព្រះមន្រ្តីសង្ឃ និងសប្បុរសជនអញ្ជើញយាងសួរសុខទុក្ខ និងប្រទានថវិកា និងថ្នាំពេទ្យ គ្រឿងបរិភោគដល់កងទ័ព និងជនភៀសសឹកជាជនភាសឹក ១៣៤០គ្រួសារ ភូមិអូតាមែង ឃុំ អន្លង់ វែង ស្រុកអន្លង់វែង នៅឧត្តរមានជ័យ។

ក្នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់បងប្អូនកងទ័ព និងពលរដ្ឋភៀសសឹកថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ។

សម្តេចជាអង្គម្ចាស់មានបន្ទូបន្តថា កន្លងមកក្រោមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។

ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ រយៈពេល៥ថ្ងៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង មកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ ។

ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យមានការចរចារទ្វេរភាគីរវាងប្រទេសទាំង២ កើតឡើង ក្រោមការផ្ដួចផ្ដើមរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយមានការជួយសម្របសម្រួល ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសង្កេតការណ៍ដលោយចិន ឈានដល់ការសម្រេចបទឈប់បាញ់គ្នាទាំងស្រុង នៅម៉ោង១២.០០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចព្រះមហាសង្ឃរាជ មានបន្ទូលបន្ថែមថា ទោះបីជាបងប្អូនមកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ ប៉ុន្តែទទួលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចធិបតី និងលោជំទាវបណ្ឌិត ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងខេត្តឧត្តរមានជ័យផងដែរ ហើយសូមបងប្អូនភៀសសឹកទាំងអស់ ត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ។

សម្រាប់អំណោយ ដែលបាននាំយកទៅផ្ដល់ជូនកងទ័ពការពារព្រំដែន និងជនភៀសសឹកនោះ នៅទីទួលសុវត្ថិភាព ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រូមមាន អង្ករ ថ្នាំពេទ្យ សាច់ក្រក-ត្រីងៀត សៀងផ្អែមឆៃប៉ូវផ្អែម នំលីលី មីខ្មែរ ធូបមូស ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រចៀកកាំ២ អូរវ៉ាទីន មៀនកំប៉ុង ស្បែកជើង សាប៊ូ ភួយ ខោ អាវ រួមទាំងថវិការមួយចំនួន ។

សូមជម្រាបជូនថា សម្រាប់ការរៀបចំថ្នាំមានចំនួន ២០មុខ ស្មើនឹង៣០ម៉ឺនគ្រាប់ ទុកលេបព្យាបាលជំងឺជំងឺដូចជា រាគរុះ ចុកពោះ គ្រុនក្តៅ គ្រុនផ្តាសាយ ហេវហត់ អស់កំលាំង ឈឺក្រពះ ឈឺសន្លាក់ដៃសន្លាក់ជើង ឈឺចុករោយសាច់ដុំរួមទាំជំងឺផ្សេងៗទៀត ៕