អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រុមយុវជន និងក្រុមគ្រូពេទ្យ ថ្នាក់ខេត្ត ថ្នាក់ស្រុក ដែលចូលរួមជួយដល់ជនភៀសសឹក និងបងប្អូនកងកម្លាំងជួរមុខ


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រុមយុវជន និងក្រុមគ្រូពេទ្យ ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ប្រមាណជាង៤០០នាក់ ដែលប្រចាំការ និងអនុវត្តជាក់ស្តែង គ្រប់សកម្មភាពចូលរួមជួយរៀបចំចាត់ចែងទីកន្លែងសុវត្ថិភាព ផ្តល់ការគាំពារសុខភាព ជូនជនភៀសសឹក និងដឹកជញ្ជូនស្បៀងអាហារ ដែលទទួលបានពីសប្បុរសជន សម្រាប់ឧបត្ថម្ភដល់កងកម្លាំងជួរមុខ ប្រចាំទិសទី៤ នៃយោធភូមិភាគទី៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ហេង សុភាណា អភិបាលរងខេត្ត លោក លោកស្រី តំណាងមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយស្មោះអស់ពីចិត្ត របស់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រុមយុវជន និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងមានស្នាដៃល្អ ក្នុងការបំពេញបេសកកម្ម ចូលរួមជួយដល់ជនភៀសសឹក និងបងប្អូនកងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពានថៃ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ មានរយៈពេលជិត១០ថ្ងៃហើយ។

ឯកឧត្តមបន្តថា យើងទាំងអស់គ្នា បានដឹងហើយថា កាលពីវេលាម៉ោង ៥៖០២នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ទាហានឈ្លានពានសៀម បានបាញ់គ្រាប់ផ្លោង ចូលដីយើងទាំងកម្រោល នៅព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនេះគឺជាការរំលោភបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ កងទ័ពកម្ពុជា ពុំទាន់បានផ្ទុះអាវុធតបតនៅឡើយទេ ពោលគឺស្ថិតនៅក្នុងការត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ ទៅលើចោរថៃឈ្លានពាន។ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទើបកិច្ចចចារសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ បានចាប់ផ្តើមពីអធ្រាត្រថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥តទៅ។

ឯកឧត្តមបានគូសបញ្ជាក់ថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រយុទ្ធគ្នា ក្នុងនោះក៏មានបន្តប្អូនយើងទាំងអស់គ្នាដែរ ដែលបានចូលរួមជួយរៀបចំកន្លែងសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាល ជូនប្រជាពលរដ្ឋយើង។

ឯកឧត្តមសូមយកឱកាសនេះ ថ្លែងអំណរព្រះគុណ និងអរគុណ ប្រគេនព្រះសង្ឃ និងជូនចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់យ៉ាងច្រើនលើសលប់ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ បានបន្តចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីសមរភូមិមុខ ក្នុងឃុំថ្មដា ទៅកាន់កន្លែងមានសុវត្ថិភាព ក្នុងឃុំប្រម៉ោយ។

ជាការលើកទឹកចិត្ត ឯកឧត្តម ខូយ រីដា ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រុមយុវជន និងក្រុមគ្រូពេទ្យ ប្រមាណជាង៤០០នាក់ផងដែរ។

គួរជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ ជនភៀសសឹក ចំនួន៧៨៣គ្រួសារ ស្មើនឹង៣,០២៨នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានជាប្រក្រតីវិញហើយ ក្រោយពេលដែលស្ថានភាព នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ៕