កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរ-អាមេរិក រស់នៅរដ្ឋយូថា សហរដ្ឋអាមេរិក ជាច្រើនរយនាក់ បានធ្វើដំណើរមកប្រមូលផ្តុំគ្នានៅមុខអគារ Utah State Capitol ក្រោមប្រធានបទ កម្ពុជាស្រលាញ់សន្តិភាព (#Cambodia Love Peace) ដើម្បីបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា និងទាមទារឱ្យថៃទទួលខុសត្រូវចំពោះទង្វើឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន ដែលបានឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។
ប្រជាពលរដ្ឋបានលើកបដាទាមទារយុត្តិធម៌ ព្រមទាំងបង្ហាញនូវអារម្មណ៍ឈឺចុកចាប់ ចំពោះទង្វើឈ្លានពាន ដ៏គឃ្លើនរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបង្កសោកនាដកម្មដល់អាយុជីវិតទាហាន ប្រជាពលរដ្ឋស្លូតត្រង់ ក៏ដូចជាទ្រព្យសម្បត្តិជាច្រើនអនេក។
បងប្អូនខ្មែរក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិមេត្តាឃ្លាំមើល តាមដានអោយបានដិតដល់ ចំពោះ ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់ របស់ភាគីថៃ ដែលមកទល់ពេលនេះពួកគេ មិនបានអនុវត្តកិច្ចព្រមព្រៀងអោយបានត្រឹមត្រូវនោះទេ។
ប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវការសាទរ អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ-ធិបតី សម្រាប់បូជនីយកិច្ចរបស់សម្តេចទាំងពីរ ក្នុងការនាំមកនូវសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពពេញលេញ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានថៃ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានបង្ហាញនូវមនោសញ្ចេតនាសាទរ និងអំណរគុណចំពោះការធ្វើអន្តរាគមន៍ដ៏មានសារសំខាន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម ដែលបានរៀបចំកិច្ចព្រមព្រៀមសន្តិភាព ឬបទឈប់បាញ់ រវាងប្រទេសទាំងពីរដ៏ឆាប់រហ័ស។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក៏បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះយុទ្ធជនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីមិនអោយបាត់បង់សូម្បីមួយមីល្លីម៉ែត្រ៕
ជយោសម្តេចតេជោ! ជយោសម្តេចធិបតី! សូមអរគុណសន្តិភាព!