ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញទទួលស្វាគមន៍បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករផងដែរ។ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ សូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ បងប្អូនពលករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញ ជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាព។
រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្រប
សម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗទៀតផងដែរ៕