ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំង៣ រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីរាជការ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដែលទទួលបានពីសប្បជននានា ក្នុងខេត្តកណ្ដាល ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ក្នុងខេត្តព្រះវិហារ។
ថ្នាក់ដឹកនាំខេត្តរួមមាន ឯកឧត្តម នូ សាខន និង ឯកឧត្តម គួច ចំរើន បានកោតសរសើរពីវីរភាពដ៏អង់អាចក្លាហាន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់វីរកងទ័ពខ្មែរ ដែលបានខិតខំតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ការពារនូវបូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ មិនឱ្យសត្រូវឈ្លានពានបានមួយមីលីម៉ែត្របានឡើយ។
បន្ទាប់មកប្រតិភូខេត្តកណ្ដាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥,០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ថ្នាក់ដឹកនាំទាំងទ្វេ បានលើកពីគុណូបការៈដ៍ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេទ័ពខ្មែរ និងវីរកងទ័ពខ្មែរទាំងអស់ ដែលខិតខំតស៊ូ និងបានលះបង់ជីវិត ប្រយុទ្ធជាមួយសត្រូវដែលមានបំណងមកឈ្លានពានទឹកដី និងប្រាសាទខ្មែរយើង ហើយការពារបងប្អូនប្រជាពលរដ្ឋមិនឱ្យរងគ្រោះពីការបំពាននេះឡើយ។
ថ្នាក់ដឹកនាំទាំងទ្វេ ក៏បានផ្ដាំផ្ញើរដល់ពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ហូបស្អាត ផឹកស្អាត គេងឱ្យគ្រប់គ្រាន់ និងសូមប្រគល់ការទុកចិត្តចំពោះថ្នាក់ដឹកនាំប្រទេសជាតិយើងដែលបាន និងកំពុងខិតខំទាំងផ្នែកការទូតផង កងទ័ពផង ដើម្បីតែការពារផលប្រយោជន៍ជាតិ ការពារប្រជាពលរដ្ឋ និងការពាទឹកដីកម្ពុជាយើងមិនឱ្យបាត់បង់ឡើយ។
គួរជម្រាបថា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភរួមមាន៖ តង់ ៤៧, សាប៊ូលាងចាន ១០០ដប និង១០០កេស, ភួយ ៥០០, អង្ករ ៤៤ ៥០០គីឡូ, អំបិល ៣៥គីឡូ, នំUN 900 ១០០កេស, ទឹកសុទ្ធ ១០៥០កេស និង១ ៨៦៨យួរ, ពងទា ៨០ ០០០គ្រាប់, មី ៣៤៩០កេស, ភេសជ្ជៈ ៦០កេស, សៀងឆាសាច់ជ្រូក ៣១៨កំប៉ុង, ត្រីខ ១១៦០យួរ, ត្រីងៀត ៥២គីឡូ, ត្រីឆ្អើរ ៤០ចង្កាក់, ទឹកម្ទេស ៥យួរ, ទឹកស៊ីអ៊ីវ ៧០០យួរ, ទឹកត្រី ១០៦០យួរ, ប្រហុក ៣៣គីឡូ, ប្រេងឆា ៨៨ដប, សៀង ១៩៨គីឡូ, នំកញ្ចប់ ២កេស និង១២០កញ្ចប់ និងបារី ១០កេស៕