អភិបាលខេត្តព្រៃវែង គោរពវិញ្ញាណក្ខន្ធសពអនុសេនីយ៍ត្រី មឿន សាម៉េត ជាយោធិននៃកងពលធំអន្តរាគមន៍លេខ២ ដែលបានទទួលមរណៈភាព


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងរួមនិងថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ត្រី មឿន សាម៉េត ជាយោធិននៃកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន ដែលពិធីបុណ្យប្រារព្ធធ្វើនៅវត្តកស្សបៈ ភូមិដងទង់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បាននាំយក សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិការបស់រដ្ឋបាលខេត្ត ចំនួន ១២លាន ៧ម៉ឺនរៀល និងថវិកា កាកបាទក្រហមកម្ពុជា ចំនួន ២០លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃសពដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត រួមនិងក្រុមការងារទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី មឿន សាម៉េត សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕