ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តទទួលស្វាគមន៍ និងសម្របសម្រួលបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករផងដែរ។ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។
ពលករខ្មែរទាំងអស់នោះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ ទៅកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព។
ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
សូមជម្រាបថា ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ ប្រកបដោយសុខសុវត្ថិភាព។
រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនឥវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕