ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន នាំយកស្បៀងអាហាររបស់សប្បុរសជន ទៅឧបត្ថម្ភជូនប្រជាការពារភូមិ នៅទូទាំងខេត្តប៉ៃលិន


នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហាររបស់សប្បុរសជន ចូល រួមបរិច្ចាគជាមួយរដ្ឋបាលខេត្ត ទៅឧបត្ថម្ភដល់ប្រជាការពារភូមិ ទូទាំងខេត្តប៉ៃលិន ដែលបងប្អូនប្រជាការពារ បានចូលរួម សហការជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតាម ខ្សែរបន្ទាត់ព្រំដែន ក្នុងកាលៈទេសៈ ប្រទេសជាតិ កំពុងមានសង្គ្រាមឈ្លានពានពីប្រទេសថៃ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានលើកឡើងថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការ រស់នៅ ប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាតនូវរាល់បទ ល្មើស ផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ច ទាំងអស់នេះ គឺប្រជាការពារយើងអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យ ប្រទេស កម្ពុជា មានសន្តិភាពពេញលេញ មានស្ថិរភាព រឹងមាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពី សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវា សាធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុក ដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះបងប្អូន ប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ស្មារតី ចូលរួម សហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំរបស់យើងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងប្រកបដោយ សុវត្ថិភាព ជាពិសេស ក្នុងកាលៈទេសៈ ប្រទេសជាតិកំពុងមានសង្គ្រាមឈ្លានពានពីប្រទេសថៃ គឺបងប្អូនប្រជាការពារ យើង បានចូលរួម សហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនជាតិ និងប្រជាជន នៅតាមខ្សែរ បន្ទាត់ ព្រំដែន ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕