លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពជា នាថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញ សួរសុខទុក្ខ កុមារកំសត់អាយុ១០ឆ្នាំ បានត្រូវរបួសខ្ទេចសាច់និងបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងអ្នកជំងឺ និងក្រុមគ្រួសារមួយចំនួននៅអគារសង្គ្រោះបន្ទាន់សល្យសាស្ត្រ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។
មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចាត់ទុកថា វត្តមានរបស់លោកជំទាវបណ្ឌិត ស្ត្រីទី១នៃកម្ពុជា ពិតជាការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់យើងខ្ញុំទាំងអស់គ្នានិងកូនចៅប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ។
«តាងនាមអោយយើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិក-មន្ត្រីរាជការទាំងអស់ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣- សៀមរាប) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងគុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រោសព្រំប្រទានពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យធំធេងថ្មីៗបន្ថែមទៀត»។ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ថ្លែងសារបន្ថែមបែបនេះ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សា សម្តេចមហាបវរធិបតី និងលោក ជំទាវបណ្ឌិត ព្រមទាំង បុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕