សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរសម្ដេចតេជោ ក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្វាយសារលិខិតថ្លែងអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៥ ខាងមុខនេះ។

សារលិខិតថ្លែងអំណរព្រះរាជគុណរបស់សម្ដេចតេជោ ហ៊ុន សែន ថ្វាយជូនព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូចតទៅ៖ «បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ជាបឋមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយសមានចិត្តសោមនស្សរីករាយ ជាអតិបរមា ថ្វាយ ព្រះករុណា ថ្លៃវិសេសដែលទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ដែលមានខ្លឹមសារប្រទានព្រះពរជ័យ បវរមហាប្រសើរ និងផ្កាដ៏ស្រស់ល្អមួយ កន្ត្រក ក្នុងឱកាសនៃខួបកំណើតរបស់ទូលព្រះបង្គំជាខ្ញុំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គ តែងតែប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជា ព្រះរាជគុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។

តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុ យឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជ មេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា»៕