សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្ដេចម៉ែ ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ ក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្វាយសារលិខិតថ្លែងអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៥ ខាងមុខនេះ។

សារលិខិតថ្លែងអំណរព្រះរាជគុណរបស់សម្ដេចតេជោ ហ៊ុន សែន ថ្វាយជូនសម្ដេចម៉ែ មានខ្លឹមសារដូចតទៅ៖ «បពិត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ជាបឋមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយសមានចិត្តសោមនស្សរីករាយជា អតិបរមា ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ផ្កាដ៏ស្រស់ល្អមួយកន្ត្រក និងព្រះពរជ័យ ក្នុងឱកាសនៃខួបកំណើតរបស់ទូលព្រះបង្គំជាខ្ញុំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គ តែងតែប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណ ដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។

តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តា ប្រសិទ្ធ ពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយ សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញ បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាយូរអង្វែងតរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោស ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា»៕