រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលសិក្សា ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ


ក្នុងកាលៈទេសៈដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវដល់ពលរដ្ឋ ដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារ ដែលកំពុងមានច្រើនកន្លែងក្នុងប្រទេស។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍បន្តថា បើតាមការឱ្យដឹកពីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកំលាំងពលកម្មយ៉ាងច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ។

ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិកាលើកម្ពុជា មកនៅ ១៩ភាគរយតែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា និងអាចស្រូបយកវិនិយោគិនច្រើនបន្ថែមទៀត នាពេលអនាគត ដែលនិងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវកំលាំងពលកម្មច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET) ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣កន្លងទៅ និងផ្តល់ជូនពលរដ្ឋគោលដៅនូវការសិក្សាជំនាញវិជ្ជាជីវៈនានា ដោយមិនបង់ថ្លៃជាមួយ ជាមួយនិងប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុង១ខែថែមទៀត៕