ស្ថិតក្នុងឱកាសដ៏មហោឡារិកឧត្តុង្គឧត្តម នៃទិវាចម្រើនជន្មាយុវឌ្ឍនមង្គល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សម្ដេចមហាមន្ដ្រី គុយ សុផល អនុប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ព្រមទាំងមន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមគោរពសម្ដែងនូវអំណរសាទរ ដោយក្តីសោមនស្សរីករាយឥតឧបមា និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ មានជន្មាទីឃាយុយឺនយូរជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងសារលិខិតគោរពជូនពរមានខ្លឹមសារថា «ក្នុងទិវាចម្រើនជន្មាយុវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តង្គឧត្តម មានគុណបំណាច់ដ៏ធំធេង ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍រដ្ឋដ៏ឆ្នើមបំផុត បានយកជីវិតធ្វើជាដើមទុន ដឹកនាំប្រទេសជាតិប្រកបដោយឆន្ទៈនយោបាយមោះមុត អង់អាចក្លាហានស្វាហាប់ គតិបណ្ឌិតខ្ពង់ខ្ពស់ ឈ្លាសវាងវៃគ្រប់ស្ថានភាពនយោបាយ បញ្ចប់អំពើប្រល័យពូជសាសន៍ ជម្លោះប្រដាប់អាវុធ បញ្ចៀសសង្គ្រាម កសាងបានសុខសន្តិភាព រក្សាស្ថិរភាពសង្គម ពង្រឹងបានកម្លាំងសាមគ្គីជាតិរឹងមាំដើម្បីបូរណភាពទឹកដី អធិបតេយ្យជាតិ សាសនា ព្រះមហាក្សត្រ និងលើកកម្ពស់កិត្យានុភាព ព្រះរាជាណាចក្រកម្ពុជា ឱ្យល្បីរន្ទឺនៅលើសកលលោក។
ក្នុងថ្ងៃដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យតេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេសទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ\អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕