ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងពេលដែលកម្ពុជា និងថៃ មានកើតមានជម្លោះជាមួយគ្នារយៈពេលប្រមាណ២ខែមកនេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់សហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការផលិត និងផ្គត់ផ្គង់ទំនិញជំនួសទំនិញនាំចូលពីថៃ ខណៈប្រជាពលរដ្ឋក៏គាំទ្រ និងឱ្យតម្លៃខ្ពស់។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា«នៅពេលដែលមានវិបត្តិបែបនេះ យើងក៏បានឃើញថាយើងដួលឬមិនដួល? កន្លងមកមានការវិភាគ មានការវាយតម្លៃអំពីសមត្ថភាពផលិតក្នុងស្រុក ប៉ុន្តែយ៉ាងណារឿងការពឹងផ្អែកលើការនាំចូលយើងមិនអាចប្រកែកបានទេ ព្រោះជាការធ្វើពាណិជ្ជកម្ម ជាសង្វាក់ផ្គត់ផ្គង់ យើងត្រូវតែពឹងពាក់គ្នាទៅវិញទៅមកមិនថា ប្រទេសណាឬប្រទេសណានោះទេ យើងត្រូវពឹងគ្នាទៅវិញទៅមក ប៉ុន្តែនៅពេលនៅពេលជួបវិបត្តិបែបនេះយើងឃើញថា ការឈរជើងរបស់យើងក៏បានរឹងមាំល្អ»។
ឯកឧត្តមបានលើកឡើងថា ជម្លោះរវាងកម្ពុជា និងថៃ ដែលឈានទៅបិទការនាំចូលទំនិញពីថៃ គឺជាឱកាសល្អសម្រាប់សហគ្រាសក្នុងស្រុកពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីអាចឈរជើង ធ្វើឱ្យខ្លួនឯងមានឯករាជ្យភាពកសាងកម្លាំងផលិតឱ្យបានរឹងមាំ និងធ្វើឱ្យមានស្ថេរភាព ហើយរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំជួយដល់សហគ្រាសក្នុងស្រុកពង្រីក និងពង្រឹងបន្ថែមផងដែរ។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើវិស័យកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ។ ក្នុងឱកាសនោះដែរ វិស័យឯកជន ដែលជាម្ចាស់សហគ្រាសផលិតកម្មក្នុងស្រុកបានលើកឡើងនូវបញ្ហាប្រឈម១២ចំណុច ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយ ដែលជាវិធានការមួយជួយឱ្យខ្លួនកាន់តែរឹងមាំ។
សំណើរទាំងនោះរួមមាន៖ ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយផ្តល់ដំណោះស្រាយ និងចាត់វិធានការចំពោះការនាំចូល និងចំពោះអាជីវកម្មខ្នាតមធ្យម និងធំទាំងឡាយណាដែលមានចំណូលបំពេញនូវលក្ខខ័ណ្ឌជាអ្នកជាប់ពន្ធមធ្យម និងធំ ឱ្យធ្វើការចុះបញ្ជី និងបំពេញអនុលោមភាព ដើម្បីមានការប្រកួតប្រជែងដោយស្មើភាព, ស្នើសុំឱ្យមានដំណោះស្រាយ ឬវិធានការបន្ថែមទៀត ក្នុងការផ្ទៀងផ្ទាត់អ្នកចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ នូវការពង្រឹងសមត្ថភាពអាជីវកម្ម និងការធ្វើសកម្មភាពអាជីវកម្ម ប្រកបដោយការប្រកួតប្រជែងស្មើភាព និងត្រឹមត្រូវ ,ស្នើសុំឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើសវនកម្ម ផ្តល់ជូនអាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនដើម្បីមានសិទ្ធិក្នុងការផ្តល់សេវាកម្មទៅលើឧបករណ៍មាត្រាសាស្រ្ត ដែលអាចធានាបាននូវប្រសិទ្ធភាព តម្លៃល្អជាងមុន និងសេវាកម្មលឿនជាងមុន, ស្នើសុំរាល់ការចុះបញ្ជិការផលិតផលកែច្នៃក្នុងស្រុក សូមតម្រូវឱ្យចុះបញ្ជីត្រឹមតែមួយក្រសួងបានហើយ បើប្រភេទផលិតនោះតម្រូវឱ្យចុះបញ្ជីនៅខាងក្រសួងសុខាភិបាល គឺពុំចាំបាច់ត្រូវចុះបញ្ជិការនៅក្រសួងឧស្សាហកម្មទៀតទេ ហើយបើផលិតផលនោះតម្រូវចុះបញ្ជិការនៅក្រសួងឧស្សាហកម្មនោះពុំចាំបាច់ត្រូវចុះនៅក្រសួងសុខាភិបាលទៀតទេ ,ស្នើឱ្យមានការអនុគ្រោះក្នុងការចុះបញ្ជីផលិតផលជាខ្សែស្រលាយ ដើម្បីកាត់បន្ថយចំណាយក្នុងការចុះបញ្ជីផលិតផល ក៏ជាការលើកទឹកចិត្តដល់អាជីវកម្មក្នុងការបង្កើតផលិតផលថ្មី។
ជាមួយគ្នានេះ វិស័យឯកជនក៏ស្នើឱ្យ រាជរដ្ឋាភិបាល តាមរយៈធនាគាររបស់រដ្ឋដូចជា ធនាគារសហគ្រាសខ្នាតតូច និងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គួរពង្រីកកម្មវិធីឥណទានអនុគ្រោះសម្រាប់ SMEs ដោយកាត់បន្ថយអត្រាការប្រាក់ និងសម្រួលលក្ខខណ្ឌផ្តល់ប្រាក់កម្ចី ព្រមទាំងរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការអាជីវកម្ម ដើម្បីជួយឱ្យ SMEs ទទួលបានការវិនិយោគ រួមនឹងសំណើរសំខាន់ៗមួយចំនួនទៀត។