ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មសម្រាប់គម្រោងដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ»


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មសម្រាប់គម្រោងដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ»

ពិធីនេះ ក៏មានការអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានថ្នាកដឹកនាំក្រសួង, អគ្គនាយក និងសិក្ខាកាមជាមន្រ្ដីរាជការ និងមន្រ្ដីជាកិច្ចសន្យាដែលកំពុងបម្រើការងារ ក្នុងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទសរុប ៧៦នាក់ ស្រី ៣៧នាក់។

មុនកិច្ចចាប់ផ្ដើមដំណើរការសិក្ខាសាលា គណៈអធិបតី និងសិក្ខាកាមទាំងអស់ បានធ្វើការស្មឹងអារម្មណ៍ដើម្បីគោរពវិញ្ញាក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីពីការឈ្លានពានរបស់បរទេស។

ចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គសិក្ខាសាលា និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្ដីគ្រប់គ្រង និងអនុវត្តគម្រោងទាំងអស់ដែលបានខិតខំបំពេញការងារទាំងផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្មឱ្យដំណើរការទៅប្រកបដោយភាបរលូន និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានជម្រាបជូនពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ស្របពេលដែលក្រសួងកំពុងបាននឹងពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហការជាមួយបណ្តាដៃគូទាំងទ្វេភាគី និងពហុភាគី ដើម្បីកសាង និងពង្រឹងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកលើការគ្រប់គ្រង និងអនុវត្តគម្រោងនៅគ្រប់ផ្នែក ដូចជា ផ្នែកហិរញ្ញវត្ថុ, ផ្នែកលទ្ធកម្ម, ផ្នែកបច្ចេកទេស និងគុណភាពសាងសង់, ផ្នែកសុវត្ថិភាពផ្លូវថ្នល់, ផ្នែកគាំពារសង្គមនិងបរិស្ថាន, និងផ្នែកយេនឌ័រ ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្រោមចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ននិងចីរភាព» ក្នុងគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ មានជីវភាពរស់នៅសមរម្យ មានសុខភាពល្អ ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាល។

បច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងកម្មវិធីក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍សរុបចំនួន ២២គម្រោង ក្រោមហិរញ្ញប្បទានសម្បទាន និងឥតសំណង លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័គមនាគមន៍ជនបទ, ការផ្គត់ផ្គង់ទឹកស្អាត, ការប្រតិបត្តិអនាម័យ និងការអភិវឌ្ឍន៍សហគមន៍ជនបទ ដែលមានមន្ត្រីរាជការបម្រើការសរុប ២៤៣រូប(ស្រី ៧១រូប)។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នឹងបានគាំទ្រនូវយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងគាំទ្រសិទ្ធិស្វ័យការពារខ្លួនទប់ទល់ការឈ្លានពានពីសំណាក់បរទេស។

ជាថ្មីម្ដងទៀត ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់សិក្ខាកាម ដែលនឹងសិក្សាក្នុងរយៈពេលពីរថ្ងៃនេះ ត្រូវត្រងត្រាប់ស្ដាប់គ្រូឧទ្ទេសនាមមានបទពិសោធន៍ សំដៅទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតទាំងផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្មសម្រាប់យកទៅប្រើប្រាស់លើការគ្រប់គ្រង និងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានសម្បទាន និងឥតសំណងឱ្យទទួលបានជោគជ័យ៕⁩