គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ នេះបើតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC)។
របាយការណ៍ បានបញ្ជាក់ថា «គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ កំណើននេះ ត្រូវបានគាំទ្រដោយការកើនឡើង នៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់ និងអចលនទ្រព្យបន្តមានភាពទន់ខ្សោយ»។
ទន្ទឹមគ្នានេះ របាយការណ៍ដដែល បានឲ្យដឹងថា វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន៩.៨%។ អនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង១០.៨% ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង ៨.៥%។
របាយការណ៍ បានរំលេចថា ការនាំចេញផលិតផលកម្មន្តសាល បានកើនឡើងគូឱ្យកត់សម្គាល់ ១៥.៣% (គិតជាតម្លៃ) នាឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងគ្រាដូចគ្នា ឆ្នាំមុន (៨.៧%) ដោយសារការសម្រុកនាំចេញយ៉ាងគំហុក មុនពេលពន្ធគយបដិការត្រូវបានអនុវត្ត។ កំណើននេះ គាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលេចឡើង ដូចជាសំបកកង់រថយន្ត អំពូលភ្លើង និងខ្សែភ្លើងនឹងបង្គំខ្សែភ្លើង។
របាយការណ៍ បានបន្ថែមថា វិស័យទេសចរណ៍បន្តមានកំណើន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការ អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរ ត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗ ដែលចូលរួមទាក់ទាញអ្នកទស្សនា។
ភ្ញៀវអន្តរជាតិកើន៦.២% ដល់៣.៨លាននាក់ ដែលក្នុងនោះ ភ្ញៀវថៃឈរនៅលំដាប់ទី១ (សមាមាត្រ ២៧.៦% នៃភ្ញៀវអន្តរជាតិចិន (១៧.៨១%)។ ភ្ញៀវអន្តរជាតិ ដែលចូលមកតាមផ្លូវអាកាស (សមាមាត្រ ៤២,៣% នៃភ្ញៀវអន្តរជាតិ សរុប) កើន ២៣.៧% និងតាមផ្លូវគោក និងផ្លូវទឹក (សមាមាត្រ ៥៧.៧%) ថយ៣.៧%។
ទន្ទឹមនេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិសរុបប្រមាណ ៧.២ ទៅ ៧.៥ លាននាក់ នាឆ្នាំ២០២៥ ដែលគាំទ្រជាចម្បងដោយវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។
ក្នុងនោះផងដែរ ចំណូលទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបានចំនួន១.៩ប៊ីលានដុល្លារអាមេរិក ដែលកើន៩.១% ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន និង ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបាន២៦.៣លានដុល្លារអាមេរិក ដែលបានកើន ៨%។
ជាមួយគ្នានេះ ទេសចរក្នុងស្រុកបន្តកើន៥០.៣% ដល់១៤.៦ លាននាក់។ រាជធានីភ្នំពេញឈរ នៅលំដាប់ទី១ ជាតំបន់ដែលទទួលទេសចរច្រើនជាងគេ ដែលមានសមាមាត្រ ៣៨.៤% នៃទេសចរ ក្នុងស្រុកសរុប និងទី២ តំបន់ឆ្នេរ (៣៦.៦%) ខណៈខេត្តសៀមរាប ឈរនៅលំដាប់ទី៣ (១៦%) និងតំបន់អេកូទេសចរណ៍ឈរនៅលំដាប់ទី៤ (១.៩%)។
ចំពោះវិស័យកសិកម្ម បន្តទទួលបានកំណើន១.២% ដែលគាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល។ ផលស្រូវរដូវប្រាំងបានកើន១០.៩% ធៀបនឹងត្រាដូចគ្នាឆ្នាំមុន (កើន១២.១%) ដល់៤.៣លានតោន ដែលជាចម្បងដោយសារ ភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រ។
ទន្ទឹមនេះ ការកើនឡើងនៃថ្លៃស្រូវ នាឆ្នាំ២០២៣-២០២៥ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះ ផ្ទៃដីដាំដុះ ស្រូវរដូវវស្សាក៏បានកើន ៤.៩% បៀបនឹងគ្រា ដូចគ្នាឆ្នាំមុន ថយ៧.៥%។
ផលជ័រកៅស៊ូកើនឡើង ១.៣% ដល់ ១៨២.៥ពាន់តោន ដោយសារកំណើនតម្រូវការ ស្របពេលតម្លៃជ័រកៅស៊ូជាមធ្យម បន្តកើនឡើងខ្ពស់ ៣០.១% ដល់១,៩៨៦ដុល្លារអាមេរិក ក្នុង១តោន (១,៨៦៣ដុល្លារអាមេរិក ក្នុង១តោន នាឆមាសទី១ ឆ្នាំ២០២៤)។
ធនធានផលផលបានកើន១៥.៨% បន្ទាប់ពីថយចុះ ៣.៧% នាត្រាដូចគ្នាឆ្នាំមុន ដែលក្នុងនោះផលនេសាទទឹកសាប និងសមុទ្របានកើន ២៣.២% ដែលជាចម្បងដោយសារការពង្រឹង វិធានការទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ស្របពេលដែលផលវារីវប្បកម្មកើត៦%។
ទោះជាការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងខ្ពស់ វិស័យសំណង់នៅតែបន្តមាន កំណើនទាប ០.៧% ដែលគាំទ្រដោយសកម្មភាពសាងសង់សំណង់ឧស្សាហកម្ម និងសំណង់ឯកជន ខណៈសំណង់សាធារណៈមានកំណើនយឺត។ ការនាំចូលសម្ភារ និងបរិក្ខារសំណង់មានកំណើន ៤៤.១% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (២៧.៥%)។
ទន្ទឹមនេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តកើនឡើង ៣៧.៧% ដែលក្នុងនោះ សំណង់ឧស្សាហកម្ម (សមាមាត្រ ៣៦.៤%) កើន៩៣.៣% សំណង់លំនៅឋាន (សមាមាត្រ ៨២.៥% នៃតម្លៃគម្រោងសំណង់សរុប) កើន៨៨% និងសំណង់ផ្សេងៗ (សមាមាត្រ ៩៥.៩% កើន ៣៩.៨% ស្របពេលសំណង់សាធារណៈ (សមាមាត្រ ៤.១%) កើន ២.៨%។
ទោះយ៉ាងណា លំហូរវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យសំណង់បន្ត ធ្លាក់ចុះ១៨%។ វិស័យអចលនទ្រព្យបន្តមានកំណើនទាប ០.៨% ដោយសារការធ្លាក់ចុះនៃថ្ងៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេស ក្នុងវិស័យនេះធ្លាក់ចុះ។
សន្ទស្សន៍ថ្លៃ លំនៅឋាន (RPPI) រួមថយចុះជាមធ្យមថយ៣.៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានថយ៣.៦% និង ៧.១% រៀងគ្នា។ ជាមួយគ្នានេះ ទំហំឥណទានសម្រាប់លំនៅឋានបែងចែក តាមប្រភេទ សមាមាត្រ ៤៨.៦% នៃឥណទានសរុបបានថយចុះប្រមាណ ១៧.២%៕