ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយសហការី នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែនចំនួន១០៥គ្រួសារ ក្នុងនោះ មានទាំងភរិយាយោធិនជួរមុខ៧គ្រួសារ ដែលកំពុងជួបលំបាកជីវភាព បច្ចុប្បន្នស្នាក់នៅក្នុងឃុំ ចំនួន១៤ នៃស្រុកស្រីសន្ធរ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋភៀសសឹក និងគ្រួសារយោធិនជួរមុខ ទាំង១០៥គ្រួសារ ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹង បង្ខំឲ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈ ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅ ជាបណ្តោះអាសន្នសិន ។
ទាំងនេះ បង្ហាញឲ្យឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែបានណែនាំដល់សាខា អនុសាខា រួមនឹងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា ឲ្យយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពហើយ ត្រូវជួយអន្តរាគមន៍ជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេសជនភៀសសឹក ឬគ្រួសារកងទ័ពជួរមុខ ឲ្យទាន់ពេលវេលា ដោយមិនរើសអើង ឬ ប្រកាន់និន្នាការនយោបាយ ឬមូលហេតុអ្វីឡើយ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ដែលមានបំណងចង់រកកាងារធ្វើ សូមមកទំនាក់ទំនងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលបច្ចុប្បន្នមានរោងចក្រសហគ្រាស ត្រូវការកម្លាំងពលកម្មជាង១៨,០០០កន្លែង។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូននាពេលនោះ ក្នុង១គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៤យួរ កន្ទេល១ សាប៊ូ២ដុំ ឃីត១សម្រាប់ មុង១ ក្រមា១ និងថវិកា៥០,០០០រៀលផងដែរ៕