ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន ចំនួន៤០នាក់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ។
ការអញ្ជើញចុះសួរសុខទុក្ខនេះ មានការអមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទៅកាន់មន្ទីរពេទ្យចំនួន៤ រួមមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា។
ឯកឧត្តម អ៊ុច បូរិទ្ធ បាននាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វីរយុទ្ធជនទាំងអស់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៤ ព្រមទាំងបានជូនពរសូមឲ្យឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ និងទទួលបានជ័យជម្នះថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។
ទន្ទឹមនេះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ និងសម្ដែងនូវការគោរព ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាវីរយុទ្ធជនកំពុងឈរជើង នៅតាមសមរភូមិមុខ ដែលតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួន ជូនដល់វីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាល នៅគ្រប់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដែលជាសក្ខីភាព បង្ហាញពីមនោសញ្ចេតនាជាភាតរៈ រួមសុខ រួមទុក្ខជាមួយបងប្អូនវីរយុទ្ធជនជាទីគោរព។
ជាការឆ្លើយតប វីរយុទ្ធជន បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅគ្រប់កាលៈទេសៈ និងបានបំពេញតួនាទី ដឹកនាំប្រទេសជាតិដ៏ឧត្តុងឧត្តម ពោរពេញទៅដោយវីរភាពអង់អាចក្លាហាន ជាពុម្ពគំរូសម្រាប់វរយុទ្ធជន និងប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស សមស្របតាម ពាក្យស្លោក «ជីវិតជូនជាតិ អដ្ឋិធាតុជូនគ្រួសារ»៕