(បន្ទាយមានជ័យ)៖ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ តំណាងឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងជូនស្បៀងដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនចំនួន ១២៦គ្រួសារ ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ដោយសារការបង្កហេតុនិងការឈ្លានពានរបស់ថៃ។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ន ស៊ុំ សមាជិកព្រឹទ្ធសភា, ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ងិន ឆាយ និងលោកជំទាវ ហ៊ូ សុពណ៌ អនុប្រធានក្រុមការងារ ព្រមទាំងរដ្ឋបាលស្រុក និងឃុំក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះផងដែរ។
នាឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានផ្ដាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹករបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឌិត ទីណា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយមើលថែទាំ និងទំនុកបម្រុងបងប្អូនឱ្យបានល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន និងទំនុកចិត្តដល់វីរយុទ្ធជននៅសមរភូមិមុខដែលកំពុងការពារទឹកដី។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសើរ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ក្នុងគ្រាលំបាកនេះ។ ឯកឧត្តម បានលើកទឹកចិត្តបងប្អូនភៀសសឹកឱ្យអត់ធ្មត់ និងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕