ឯកឧត្តម ឆាយ ឫទ្ធិសែន​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ ក្នុងខេត្តខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី ស្រុករលាប្អៀរ ស្រុកបរិបូណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដូចខាងក្រោម៖
-ខ្សែទី១៖ ព្រៃគ្រីត្បូង – ក្បាលកន្លង់ ស្រុកជលគិរី ប្រវែង ១៧,៦៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ទៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៦,០ម៉ែត្រ កម្រាស់ ២០សម និងមានសំណង់លូមូលចំនួន ២៧កន្លែង និងលូប្រអប់ចំនួន ២កន្លែង។
-ខ្សែទី២៖ ពាមឆ្កោក – ព្រែកឆ្តោរ ស្រុកជលគិរី មានប្រវែង ៨,៥៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិពាមឆ្កោក ឃុំពាមឆ្កោក ទៅភូមិព្រែកឆ្តោរ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៥,០ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ២កន្លែង និងលូប្រអប់ចំនួន ២កន្លែង។
-ខ្សែទី៣៖ ព្រៃព្រាល – អណ្តូងរវៀង ស្រុកបរិបូរណ៍ មានប្រវែង ២,៦២គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃព្រាល ឃុំអញ្ចាញរូង ទៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ មានទទឹង ប្រវែង ៥ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ៨កន្លែង។
សូមបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង ៣ខាងលើនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (CRRIDP) នឹងបញ្ចប់ការសាងសង់ ១០០% នៅដើមខែកញ្ញា ឆ្នាំ២០២៥។
-ខ្សែទី៤៖ មានជ័យ កងមាស តភ្ជាប់ពីភូមិមានជ័យ ទៅភូមិកងមាស ប្រវែង ១២,៣៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ បានសាងសង់រួច ១០០% ក្នុងក្របខណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ NRRPCP បម្រើប្រជាពលរដ្ឋចំនួន ៤ភូមិ សរុប ៥៣២គ្រួសារ។
-ខ្សែទី៥៖ ប្រស្នឹប -អញ្ចាញរូង តភ្ជាប់ពីឃុំប្រស្នឹបស្រុករលាប្អៀរទៅឃុំអញ្ចាញរូងស្រុកបរិបូណ៍ ប្រវែង ៥,៦៧គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។
-ខ្សែទី៦៖ ព្រៃមូល-ក្រាំងស្គារ មានប្រវែង ២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប្រច័ក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ទៅដល់ភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយឆ្លងកាត់ ភូមិប្រច័ក្ស ភូមិត្រពាំងតាសុក ភូមិត្រពាំងក្រវ៉ាន់ ក្នុងឃុំព្រៃមូល និងភូមិថ្មី ភូមិស្រែវាល ឃុំក្រាំងលាវ ស្រុករលាប្អៀរ និងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុសុ។ បម្រើឱ្យប្រជាពលរដ្ឋ ១ ០៥៧គ្រួសារ។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខ័ណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី៣ (RRIP ៣) របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសចុះពិនិត្យផ្លូវទាំង ៦ខ្សែនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានចូលរួមជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើពាណិជ្ជកម្មនានាផងដែរ៕