ក្រោមការផ្តួចផ្តើម របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជន ក្នុង-ក្រៅខេត្ត និងក្រៅប្រទេស បានឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដែលកើតចេញពីកម្លាំងញើសឈាម ចូលរួមជាកម្លាំងសាមគ្គី ក្នុងគោលបំណងដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ជាក់ស្តែងនាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ នៅអគាររដ្ឋបាលខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងខេត្ត ជាលើកទី៣ ព្រមទាំងមិត្តរួមជំនាន់ វគ្គទី២ ក្នុងការចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជន ក៏ដូចជាមិត្តរួមជំនាន់ទាំងអស់ ដែលបានរួបរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។
ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់អស់លោក លោកស្រីទាំងអស់ គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមបន្ថែមទៀត ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា។
ឯកឧត្តមសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ អស់លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានដំណើរការសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលមានបណ្តោយ៥៤ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ គ្រោងចំណាយថវិកាសរុបប្រមាណជិត៥លានដុល្លារ។
សម្រាប់ថវិកាដែលទទួលបាននាពេលនេះ មានចំនួន៦,៨៤០,០០០រៀល និង១៨,៩៣៤ដុល្លារអារិក ក្នុងនោះមិត្តរួមជំនាន់ វគ្គទី២ ចំនួន២,៧៨៤ដុល្លារអាមេរិក និង២០ម៉ឺនរៀល និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងខេត្ត និងក្រៅខេត្ត ចំនួន៦,៨២០,០០០រៀល និង១,៦១៥០ដុល្លារអាមេរិក៕