រសៀលថ្ងៃទី១០ ខែសីហានេះព្រះសង្ឃ ២៥៦៩អង្គ និមន្តធម្មយាត្រា ទាមទារឱ្យគោរពបទឈប់បាញ់ រក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពសម្រាប់កម្ពុជា និងថៃ


រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈសង្ឃនាយកទាំងពីរគណៈនឹងរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖០០នាទី ដោយមានព្រះសង្ឃចូលរួមចំនួន ២៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ។

ធម្មយាត្រាដើម្បីសន្តិភាពរៀបចំដោយគណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចព្រះពុទ្ធជ័យ មុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយក រង ទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ។

ដើម្បីឱ្យពិធីធម្មយាត្រាខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ ចាប់ពីវេលាម៉ោង ១៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕