ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសាររបស់កងទ័ព ចំនួន៦៥គ្រួសារ ដែលមានបងប្អូន កូន ប្តី កំពុងប្រចាំការនៅសមរភូមិជួរមុខ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
ពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមគ្រួសារកងទ័ពនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង ដែលមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ ក៏បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួន សម្រាប់ឧបត្ថម្ភជូន ដល់ក្រុមគ្រួសារកងទ័ព ដើម្បីដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុត ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងរូបលោកផ្ទាល់ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់វីរកងទ័ពកម្ពុជា ចំពោះការលះបង់ដ៏ធំធេងមួយនេះ និងសូមជូនពរដល់វីរកងទ័ពទាំងអស់ មានសុខភាពល្អបរិបូណ៍ ឈ្នះអស់មាសសត្រូវ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕