នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ តំណាងកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរពី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល និងក្រុមការងារ បានចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈយុទ្ធន ដែលបានពលីក្នុងសមរភូមិ បានប្រារព្ធពិធីបុណ្យសពធ្វើនៅវត្តអារញ្ញគិរីមុនីសុខុម ស្ថិតនៅភូមិជប់លេី ឃុំស្វាយលេី ស្រុកស្វាយលេី ខេត្តសៀមរាប។
ការចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ គឺជាមួយក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី ច័ន្ទ តារា អនុសេនីយ៍ឯក ថា សុភា និងលោក សេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងសមរភូមិតំបន់ភ្នំទ្រព្យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
ជាមួយគ្នានេះ លោកជំទាវ ពុំ ចន្ទីនី បាននាំយកសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រួសារសព និងគ្រឿងឧបភោគបរិភោគ សម្ភាររួមមាន អង្ករ ១០០ គីឡូក្រាម មីកញ្ចប់ ៥កេស ត្រីខ ៥យួរ និងទឹកក្រូច ៥កេស ព្រមទាំងថវិកាចំនួន ២០លានរៀល ក្នុងមួយគ្រួសារ ។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវ និងក្រុមការងារ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់វីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក វរសេនីយ៍ត្រី ច័ន្ទ តារា អនុសេនីយ៍ឯក ថា សុភា និងលោក សេនីយ៍ឯក ញឹក ប៊ុនសោន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕