នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលក្រុមការងារ របស់រដ្ឋបាលខេត្តកំពុង បន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃវិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា កន្លងមករដ្ឋបាលខេត្ត បានអំពាវនាវ ដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុ ភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមាន ឯកសារ គ្រប់គ្រាន់ក៏ដោយ។
ជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការ ជាមួយក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុកការថែទាំ ព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីប្រទេសថៃបានបង្កសង្រ្គាមឈ្លានពាន រយៈពេល ៥ថ្ងៃ នៅតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែ ច្រើនឡើងៗ បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត វិញតាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ៕