តំណាងឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំប្រតិភូទស្សនកិច្ច ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅប្រទេសវៀតណាម


ឆ្លើយតបទៅនឹងការអញ្ជើញរបស់ក្រសួងនគរបាលវៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ជាតំណាងដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងទទួលកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ប្រតិភូកម្ពុជានឹងស្នាក់នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១០ ដល់១៣ ខែសីហា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រាប់ឲ្យដឹងបន្ថែមថា តាមកម្មវិធីដែលបានគ្រោងទុកប្រតិភូនឹង៖

១៖ ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន ឡុង (Nguyen Van Long) អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
២៖ ជួបពិភាក្សាការងារ ស្តីពីការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន នៃប្រទេសទាំងពីរ
៣៖ ទស្សនកិច្ចដកបទពិសោធន៍ ពាក់ព័ន្ធការងារព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕