លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានដឹកនាំសមាជិកសកម្មនៅរាជធានីភ្នំពេញ ចំនួនជាង២៥០នាក់ មកសិក្សាស្វែងយល់អំពីពិធីបុណ្យចូលព្រះវស្សា ការធ្វើសមាធិ, សូត្រមន្តរំលឹកគុណដល់វីរកងទ័ព ដែលពលីក្នុងសមរភូមិមុខ និងបួងសួងសុំសេចក្ដីសុខជូនព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានឱ្យដឹងថា សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ដឹកនាំដោយលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ជាប្រធាន បានផ្តួចផ្តើមឱ្យមាន កម្មវិធីចំនួន៣ ក្នុងពេលតែ១នោះ គឺការនាំប្អូនៗនារី ចំនួន ១៥០នាក់ ដែលជាសមាជិកសកម្ម និងបងប្អូនជាសមាជិកា គាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា នៅតាមខណ្ឌទាំង១៤ ចំនួន១០០នាក់ទៀត មកសិក្សាស្វែងយល់ អំពីពិធីបុណ្យចូលព្រះវស្សា ដែល សម្តែងដោយ ព្រះភិក្ខុ សតិបាលោ សុខ សុផៃ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចគូសុភាព។
ក្នុងឱកាសនេះ ទាំងសមាជិកសកម្ម និងសមាជិកាគាំទ្រ ទាំងអស់ បានស្វែងយល់កាន់តែច្បាស់ថា តើពិធីបុណ្យចូលព្រះវស្សា គេធ្វើអ្វីខ្លះ សំរាប់ទំនៀមទំលាប់របស់យើង។ ប្រធានបទទី២ ព្រះភិក្ខុសង្ឃបាន ដឹកនាំធ្វើសមាធិ បន្ទាប់មកគឺពិធីសូត្រមន្ត រំលឹកគុណវីរកងទ័ព ដែលពលីក្នុងសមរភូមិមុខ និងបួងសួងសុំសេចក្ដីសុខជូនព្រះរាជាណាចក្រកម្ពុជា ។
កម្មវិធីនេះ បានធ្វើឡើងដោយចាប់ពីម៉ោង២៖៣០នាទីរសៀល រហូតដល់ម៉ោង៥ល្ងាច ដោយមានសំណួរ-ចំលើយ បកស្រាយ ដោយគ្រូឧទ្ទេស ជាព្រះសង្ឃផងដែរ៕