ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រគល់អំណោយ របស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ២


ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជា សម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ដែល កំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានមោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ឧដុង្គឧត្តម និងការលះបង់ខ្ពស់បំផុត។

អំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងពលធំអន្ដរាគមន៍លេខ ២ រួមមាន ម៉ូតូ Honda Wave ឆ្នាំ២០២៥ ចំនួន ៦គ្រឿង, Mobile Power Stations 315000mAh (600W) ចំនួន ២៥ គ្រឿង, មី ២០០កេស, នំទាហាន ១៦១កេស (សរុប ៦,០០០ដុំ), កាហ្វេ 3 in 1 ៨៤កេស (សរុប២,០០០កញ្ចប់), ទឹកដោះគោខាប់ ៨៤កេស (សរុប ៤,០៣២កំប៉ុង), ត្រីខ ៦០កេស (សរុប ៦,០០០កំប៉ុង), បាយក្ដាំង ៦០កេស (សរុប ៦,០០០កញ្ចប់), អំបុក ៣៣០គីឡូក្រាម, ស្ករស ១១៣គីឡូក្រាម, បារី ១៥កេស (សរុប ៧៥០សុង), ថ្នាំ Advil ២៥កំប៉ុង (១កំប៉ុង ៣៦០គ្រាប់) និងថវិកាមួយចំនួន ។

គួរបញ្ជាក់ថា ការពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ចំនួន ៥០០០ កញ្ចប់ (kits) និងថវិកាមួយចំនួនជូនវីរៈកងទ័ពជួរមុខដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃដែលឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា និងជូនប្រជាជនភៀសសឹក ដែលគេចចេញមកទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕