ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងស្រុកកំពង់ត្រឡាច ៣០វត្ត និងបានឧទ្ទិសអត្ថមនុញ្ញផលនេះជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងសមរភូមិជួរមុខ


ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ និងលោកជំទាវ យី សុភា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣០ វត្ត ក្នុងស្រុកកំពង់ត្រឡាច ដើម្បីឧទ្ទិសជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត ក្នុងសមរភូមិបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

ពិធីនេះប្រារព្ធធ្វើឡើងនៅវត្តច័ន្ទសូរិយា ហៅវត្តក្រឡាញ់ ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះគ្រូចៅអធិការទាំង ៣០ វត្តក្នុងស្រុកកំពង់ត្រឡាច លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការ​គណបក្ស​ស្រុក​ យុវជន​ គណៈកម្មាធិការ​គណបក្ស​ឃុំ-ភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគេននូវគ្រឿងទេយ្យទានក្នុងមួយវត្តៗរួមមាន៖ ទៀនចំណាំព្រះវស្សា ១ គូ អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអ៉ីវ ៤យួរ ទឹកសុទ្ធ ២កេស ទឹកក្រូច ១កេស ស្ករ-ស ២គីឡូក្រាម អំបិល ២គីឡូក្រាម សៀងផ្អែម ៥គីឡូក្រាម ឆៃពៅផ្អែម ៥ គីឡូក្រាម ទឹកដោះគោ ២កំប៉ុង តែ ១កញ្ចប់ធំ កាហ្វេ ១កញ្ចប់ធំ ធូប ១ដុំធំ និងបច្ច័យក្នុងមួយវត្តចំនួន ២៥០ដុល្លារ។

ប្រគេនបច្ច័យសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ចំនួន ៥,០០០ដុល្លារសម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ ប្រគេនបច្ច័យដល់ព្រះសង្ឃនៅវត្តច័ន្ទសូរិយាក្រឡាញ់ ២២អង្គ ក្នុងមួយអង្គថវិកា ៤០,០០០រៀល ជូនយាយជីតាជី ៦នាក់ ក្នុងម្នាក់ៗថវិកា ៤០,០០០ រៀល ជូនថវិកាកូនសិស្សលោក ៦១នាក់ ក្នុងម្នាក់ៗថវិកា ២០,០០០រៀល ជូនប៉ុស្ដិ៍រដ្ឋបាលឃុំថវិកាចំនួន ១,០០០,០០០រៀល និងប្រជាការពារភូមិក្រឡាញ់ថវិកាចំនួន ៤០០,០០០រៀល និងឧបត្ថម្ភថវិកាចំនួន ២៥០ដុល្លារ សម្រាប់ការចំណាយរៀបចំតុបតែងក្នុងពិធី។ ក្នុងនោះដែរ លោកស្រីឧកញ៉ា អ៊ឹង លីគាង អគ្គនាយិកាក្រុមហ៊ុនផលិតទឹកស៊ីអ៉ីវ ផេងលី បានចូលរួមទឹកស៊ីវអ៉ីវ ចំនួន ១២០យួរ និងបច្ច័យចំនួន ១,០០០,០០០រៀល។

តាមរយៈបុណ្យកុសលដែលកើតចេញពីការនាំទៀនព្រះវស្សា គ្រឿងបរិក្ខារទេយ្យទាន ព្រមទាំងបច្ច័យដែលបានប្រគេនព្រះសង្ឃនាឱកាសនេះលោកបណ្ឌិត និងលោកស្រី បានឧទ្ទិសអត្ថមនុញ្ញផលនេះជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី នៃការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕