ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ លើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងទៀត។
បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក, អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងយន្ដហោះខ្នាតធំ២ទៀត នៅដើមខែក្រោយ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានការធ្វើតេស្ដសាកល្បង ចំនួន២ដងរួចមកហើយ ជាលក្ខណៈបច្ចេកទេស ហើយខាងអាកាសចរស៊ីវិល ក៏បានទទួលស្គាល់ និងបានចេញអាជ្ញាបណ្ណផងដែរ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន១០០% ទាំងប្រព័ន្ធបច្ចេកវិទ្យា ទាំងការគ្រប់គ្រង ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។
បន្ថែមពីនោះទៀត អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួចរាល់ហើយ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។
សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ពីអាកាសចរណ៍ស៊ីវិលកម្ពុជា ត្រៀមរួចរាល់ សម្រាប់បើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយអាចនឹងប្រើប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរ មិនក្រោម១,០០០នាក់នោះទេ។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕