អភិបាលខេត្តស្ទឹងត្រែង បាននាំយកស្បៀងអាហារ និងថវិកាមួយចំនួនជូន ក្រុមគ្រួសារវីរកងទ័ពជួរមុខចំនួន៣គ្រួសារ ដែលត្រូវទាហានថៃ ចូលមកចាប់ខ្លួនទាំងកម្រោលក្រោយបទឈប់បាញ់


ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បាននាំយកស្បៀងអាហារ និងថវិកាមួយចំនួនទៅសួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រួសារវីរកងទ័ពជួរមុខ ដែលត្រូវបានទាហានថៃចាប់ខ្លួនទាំងកម្រោលដល់លណេដ្ឋានក្រោយបទឈប់បាញ់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅលំនៅដ្ឋានសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង និងឃុំអូររៃ-ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីសុខទុក្ខវីរកងទ័ពដល់ក្រុមគ្រួសាររបស់ពួកគេ ដោយវីរកងទ័ពរបស់យើងដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃ គឺមានសុខភាពល្អ និងសុខសុវត្ថិភាព (នេះបើតាមការ បញ្ជាក់របស់កាកបាទក្រហមអន្តរជាតិដែលបានសួរសុខទុក្ខកាលពីពេលថ្មីៗកន្លងទៅ)។

ឯកឧត្តមថា ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់ទាហានថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើក្រុមគ្រួសារកងទ័ពទាំង៣គ្រួសារ កុំឱ្យមានការជឿលើការញុះញង់ពីក្រុមណាមួយឱ្យសោះ ដោយប្រមូលអារម្មណ៍ទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាដ៏សំខាន់ មួយនេះ។

គួរបញ្ជាក់ថា រយៈពេល ១៣ថ្ងៃមកហើយ ដែលកងកម្លាំងកម្ពុជា ត្រូវបានភាគីថៃចាប់ខ្លួនទៅដោយខុសច្បាប់ គឺមិនទាន់ដោះលែងមកវិញនៅឡើយទេ។ កម្ពុជានៅតែបន្តទាមទារឱ្យភាគីថៃ ត្រូវប្រញាប់បញ្ជូនអ្នកទាំងនោះ មកវិញឱ្យបានឆាប់កុំពន្យារពេល។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងនៅវេលាថ្ងៃត្រង់ទី១១ ខែសីហានេះថា គិតតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន កងកម្លាំងកម្ពុជា ដែលត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់ មកទល់ពេលនេះ មានរយៈពេល១៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី១១ ខែសីហានេះ។

ក្នុងន័យនេះ កម្ពុជាបន្តស្នើភាគីថៃឆាប់បញ្ជូនកងកម្លាំងទាំង១៨រូប ឱ្យត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវយ៉ាងទទូចរបស់បណ្ដាប្រទេសដៃគូ និងអង្គការអន្តរជាតិជាច្រើន។ លោកជំទាវ ម៉ាលី សុជាតា បាននិយាយថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា ព្រមទាំងសហគមន៍អន្តរជាតិនៅតែបន្តទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ។

គួរជម្រាបថា តាមការអះអាងរបស់កាកបាទក្រហមអន្តរជាតិ ដែលបានជួបសួរសុខទុក្ខទាហានកម្ពុជាទាំង១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាននោះ គឺមានសុវត្ថិភាព៕