ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា បច្ចុប្បន្នការគំរាមកំហែងចំពោះបទឈប់បាញ់ កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ដោយមានទាំងរាយបន្លាលួសផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
តាមរយៈលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងកិច្ចប្រជុំពិសេសដែលរៀបចំឡើងដោយម៉ាឡេស៉ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងនេះបានជួយសង្គ្រោះអាយុជីវិតជាច្រើន និងផ្ដល់សង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញពីទីលំនៅរបស់ខ្លួន ដោយបានបង្កើនក្ដីសង្ឃឹមថា ពួកគេអាចនឹងវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងពេលឆាប់ៗនេះ ហើយនឹងអាចរស់នៅក្នុងសន្ដិភាព និងវិបុលភាពដ៏យូរអង្វែង។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានសរសេរលិខិតដាច់ដោយឡែក ផ្ញើទៅប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីហានិភ័យដែលកំពុងកើនឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរវាងកម្ពុជា-ថៃ […] បច្ចុប្បន្ននេះកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនេះ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេរភាគីដែលមានសុពលភាពតាមផ្លូវច្បាប់»។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន អំពាវនាវប្រធានក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ដលើកទឹកចិត្តឲ្យមានការគោរពឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយ និងកំពុងប្រឈមហានិភ័យនេះ និងសូមឲ្យមានការខិតខំប្រឹងប្រែងគាំទ្រដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុងនូវអរិយភាពប្រដាប់អាវុធ និងដំណើរឆ្ពោះទៅរកភាពប្រក្រតី។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជុំ សុន្ទរី។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះ បានបន្ថែមទៀតថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កងកម្លាំងយោធាថៃ បានបន្ដជ្រៀតចូលទឹកដីកម្ពុជាដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។
ឯកឧត្តមអះអាងទៀតថា ក្នុងការរំលោភបំពានដោយចេតនា និងធ្ងន់ធ្ងរលើបទឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកំណត់ហេតុព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃបានជ្រៀងចូលដោយខុសច្បាប់ និងធ្វើសកម្មភាពនៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងបានធ្វើការពង្រាយលួស រុះរើផ្ទះប្រជាពលរដ្ឋកម្ពុជា និងប្រើម៉ាស៉ីនធន់ធ្ងន់សាងសងលេណដ្ឋានជាច្រើនកន្លែង។
សកម្មភាពទាំងនេះស្របគ្នាទៅនឹងសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដែលបានប្រកាសដោយមេបញ្ជាការយោធភូមិទី២របស់ថៃ ដោយសន្យាថា កងទ័ពថៃនឹងដណ្ដើមមកកាន់កាប់នូវប្រាសាទតាក្របីវិញ ហើយក៏នឹងបិទប្រាសាទតាមាន់ធំផងដែរ។ ទីតាំងនៃទង្វើរំលោភបំពានរបស់ថៃទាំងអស់នេះ គឺស្ថិតនៅក្នុងដែនដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខ័ណ្ឌចែកដោយផែនខ្នាត ១/២០០ ០០០ ដែលផលិតដោយគណៈកម្មាធិការចម្រុះបារាំងសៀម អនុលោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ និងសន្ធឹសញ្ញាចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩០៧ ផែនទីទាំងនេះត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងថៃ ហើយត្រូវបានយកជាមូលដ្ឋានយ៉ាងច្បាស់ក្នុងសាលដីកាយុត្តិធម៌អន្ដរជាតិ ICJ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យរាជរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀតដែលរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ដកកងកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទីតាំងដែលស្របទាំងស្រុងជាមួយព្រំដែនដែលត្រូវបានកំណត់ដោយស្របច្បាប់។ អនុញ្ញាតឲ្យបានពេញលេញ និងគ្មានលក្ខខណ្ឌនូវរាល់កាតព្វកិច្ចទាំងទ្វេរភាគី និងអន្ដរជាតិ៕