ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងសម្របសម្រួលដើម្បីផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពី ប្រទេសថៃ សម្រាប់បម្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់។
ដើម្បីឲ្យការងារនេះមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធវីដេអូ Zoom នៅទូទាំងប្រទេស។
កិច្ចប្រជុំនេះ មានធ្វើបទបង្ហាញអំពីនីតិវិធីនៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយនាយកដ្ឋានជំនាញចំនួន៣ រួមមាន ទី១៖ ការងារចុះសំបុត្រកំណើតការងារអត្រានុកូលដ្ឋាន, ទី២៖ ការងារស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងការស្នាក់នៅ និងទី៣៖ ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអះអាងថា កិច្ចប្រជុំនេះមានគោលដៅធ្វើឲ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើប វិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ដែលត្រូវការឯកសារអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ឯក អគ្គនាយកបានជំរុញឲ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងផ្ដល់ឯកសារជូនដល់ប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទសថៃវិញឲ្យបានលឿន និងឆាប់រហ័សទៅតាមអ្វី ដែលអាចធ្វើទៅបាន៕