ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទាន ព្រះរាជសារអបអរសាទរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» នៅប្រទេសសឹង្ហបុរី។
ព្រះរាជសាររបស់មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូច្នេះថា៖
ខ្ញុំមានហឫទ័យសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរ ស្តីពីលោកជំទាវបណ្ឌិត បានទទួលពានរង្វាន់ Smile Asia Philanthropic Visionary Award ពីកម្មវិធី Smile Asia Charity Gala ២០២៥ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។
ខ្ញុំសូមអបអរសាទរចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ជូនលោកជំទាវបណ្ឌិត ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា បាននាំមកនូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជនកម្ពុជា និងបានលើកកម្ពស់កិត្យានុភាពជាតិ មាតុភូមិនៅលើឆាកអន្តរជាតិ។
លោកជំទាវបណ្ឌិត ជាកុលធីតាជាតិដ៏ឆ្នើមមួយរូប ដែលមានស្នាដៃដ៏ល្អប្រសើរ និងការដឹកនាំប្រកបដោយចក្ខុវិស័យ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
ខ្ញុំសូមប្រសិទ្ធពរជ័យ ជូនលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕