សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រទានសារលិខិតអបអរសាទរ និងកោតសរសើរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award»


សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានសព្វព្រះរាជហឫទ័យ ព្រះរាជប្រទានសារលិខិតអបអរសាទរ និងកោតសរសើរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award»។

ព្រះរាជសារលិខិតរបស់ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

លោកជំទាវបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ខ្ញុំមានហឫទ័យសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរ ស្តីពីលោកជំទាវបណ្ឌិត បានទទួលពានរង្វាន់ Smile Asia Philanthropic Visionary Award ពីកម្មវិធី Smile Asia Charity Gala ២០២៥ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសឹង្ហបុរី។

ខ្ញុំសូមអបអរសាទរ និងសូមកោតសរសើរដ៏កក់ក្តៅចំពោះលោកជំទាវបណ្ឌិត ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា បាននាំមកនូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជនកម្ពុជា ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី និងបានលើកកម្ពស់កិត្យានុភាពជាតិមាតុភូមិនៅលើឆាកអន្តរជាតិ។

លោកជំទាវបណ្ឌិត ជាកុលធីតាជាតិដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង សង្គមលើវិស័យថែទាំសុខភាពសាធារណៈ ជាពិសេសការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

ខ្ញុំសូមប្រសិទ្ធពរជ័យជូន លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវ មហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕