ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សំដៅធ្វើយ៉ាងណា ឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់កងកម្លាំង ត្រូវពង្រឹងការរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្របសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប។ លោកក៏បានណែនាំ មន្ទីរទេសចរណ៍ខេត្ត ត្រូវខិតខំផ្សព្វផ្សាយធ្វើយ៉ាងណា កុំឱ្យមានការដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងកំឡុងពេលប្រឡងបាក់ឌុប។
ជាមួយគ្នានោះ ឯកឧត្តមបានណែនាំ ដល់រដ្ឋបាលក្រុងបាត់ដំបង ពង្រឹងការត្រួតពិនិត្យសណ្ដាប់ធ្នាប់ និងទប់ស្កាត់ការរំពងសំឡេងគ្រប់ប្រភេទ នៅក្បែរមណ្ឌលប្រឡង។
យោងតាមរបាយការណ៍ ស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៤-២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងដំណើរការសំណេរប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តន៍គោលការណ៍ទាំង៤ នៃការប្រឡង គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ដោយអនុវត្តន៍តាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដំណើរការប្រឡង ត្រូវបានចូលរួមផ្ដល់កិច្ចសហការយ៉ាងស្អិតរមួត ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរដែនដី ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយសហភាពសហព័ន្ធយុវជនកម្ពុជា និងគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនានាផងដែរ៕