នៅក្នុងឱកាសអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជាង២០០គ្រួសារ នៅក្នុងស្រុកអង្គបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងប្រាប់ប្រជាពលរដ្ឋពីការខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធគ្រប់លំដាប់ថ្នាក់ទៅលើសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ជនភៀសសឹក ជាពិសេសកំពុងតែកៀរគរអ្នកវិនិយោគ ឲ្យមកបណ្ដាក់ទុនដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ពិសេសបង្កើតការងារជូនពលករដែលទើបត្រលប់មកពីប្រទេសថៃ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា សម្រាប់ខេត្តតាកែវ មានប្រជាពលរដ្ឋរាប់ពាន់នាក់បានវិលត្រលប់ពីប្រទេសថៃ ចូលមកកាន់ខេត្តតាកែវវិញ បញ្ហានេះអាជ្ញាធបានយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយបានបង្កើតក្រុមការងារដើម្បីស្វែងរកការងារជូនបងប្អូនធ្វើដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមបណ្ដាលរោងចក្រ សហគ្រាស នៅក្នុងខេត្តតាកែវទាំងមូល កំពុងតែត្រូវការកម្លាំងពលកម្មប្រមាណជាង១ម៉ឺនកន្លែង ដូច្នោះប្រសិនបើពលករទើបត្រលប់មកពីប្រទេសថៃ ចង់ធ្វើការអាចមកទំនាក់ទំនងនៅមន្ទីរការងារ ឬតាមសាលាក្រុងស្រុក ហើយបើគ្មានជំនាញមានសាលាបង្រៀនជំនាញ។ ដោយឡែក សម្រាប់អ្នកដែលមានជំនាញហើយ តែគ្មានសញ្ញាបត្របញ្ជាក់ អាចទាក់ទងមកកាន់វិទ្យាស្ថានបណ្ដុះបណ្ដាលភូមិភាគតេជោ នឹងរៀបចំចេញសញ្ញាបត្រជូន តាមរយៈការធ្វើប្រឡងធ្វើតេស្តសមត្ថភាពប៉ុណ្ណោះ៕