គម្រោងវិនិយោគចំនួន១៧ ទុនវិនិយោគសរុប៣៦៧លានដុល្លារ ស្នើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៧គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧.២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន១៥គម្រោង (ផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ, ផលិតបន្ទះក្តារកម្រាល និងបន្ទះក្តារសម្រាប់តុបតែងផ្សេងៗ, ផលិតសម្ភារៈកីទ្បា, កែច្នៃផ្លែឈើ, ផលិតសម្ភារៈក្មេងលេង, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ, ផលិតឧបករណ៍ជាងនិងសម្ភារៈបន្ទាប់បន្សំ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ, បង្កើតសួនឧស្សាហកម្ម, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងប្រអប់ដាក់សម្ភារៈជាង, កែច្នៃលោហធាតុ, ផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក, និងផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង (អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយ ស្តុកទុកថាមពលអានុភាព២០០មេហ្គាវ៉ាត់/៤០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តពោធិ៍សាត់ និងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុក ថាមពលអានុភាព៣០០មេហ្គាវ៉ាត់/៦០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តកំពង់ឆ្នាំង)។

គម្រោងវិនិយោគទាំង១៧ ដែលអង្គប្រជុំបានពិនិត្យពិភាក្សាខាងលើនេះ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង៕