អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តមបណ្ឌិត គុណ ញឹម នាំយកទៅប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ៣ ប្រចាំទិសព្រះវិហារ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី


ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិ ងរដ្ឋាករមួយចំនួន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥, បានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជាសម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ)។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនិងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានមោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ ឧដុង្គឧត្តម និងការលះបង់ខ្ពស់បំផុត ។

អំណោយនិងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងពលធំអន្ដរាគមន៍លេខ ៣ រួមមាន ម៉ូតូ Honda Wave 110cc ឆ្នាំ២០២៥ ចំនួន ៦គ្រឿង, Mobile Power Stations 315000mAh (600W) ២៥ គ្រឿង, ត្រីខ៥០កេស (សរុប ៥,០០០កំប៉ុង), មីជាតិ ២០០កេស (សរុប ៤,៨០០កញ្ចប់),ប្រេងឆា ១០កេស (សរុប ១២០ដប), បាយក្ដាំង ៨៥កេស (សរុប ៦,៩៥០កញ្ចប់), ភេសជ្ជៈប៉ូវកម្លាំង Krud Cola Power ២០០កេស (សរុប ៤,៨០០កំប៉ុង), អង្ករផ្កាខ្ញី ១តោន, សាច់ផាត់ ៧កេស (សរុប ១៣៤គីឡូក្រាម),បារី ១៥កេស (សរុប ៧៥០សុង), សាច់គោងៀត ២០០កញ្ចប់ (សរុប ១០គីឡូក្រាម), ម្សៅវីតាមីនដាក់ទឹកប៉ូវកម្លាំង Orasel ១,០០០កញ្ចប់, ថ្នាំបញ្ចុះកម្ដៅ/បំបាត់ការឈឺចាប់ Advil ២៥កំប៉ុង (១កំប៉ុង ៣៦០គ្រាប់) និងថវិកាមួយចំនួន ។

គួរបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជាសម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនវីរកងទ័ពនិងប្រជាជនភៀសសឹកចំនួន ៤ លើករួចមកហើយ រួមមាន៖ លើកទី១ ជូនកងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប និងវីរកងទ័ពជួរមុខឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ចំនួន ៨អង្គភាព, លើកទី២ ជូនកងកម្លាំងប្រដាប់អាវុធនិងវីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនខេត្តព្រះវិហារ, លើកទី៣ ជូនវីរកងទ័ពជួរមុខដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃដែលឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា និងប្រជាជនភៀសសឹកចំនួន ៤,០០០គ្រួសារ ដែល គេចចេញមកទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និង លើកទី៤ ជូនកងពលធំអន្ដរាគមន៍លេខ ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ចំពោះការនាំយកអំណោយជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ)នាឱកាសនេះ គឺជាលើកទី៥៕