បណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងនាំយកអំណាយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រគល់ជូនពលករខ្មែរ ២០៥នាក់ នៅស្រុកខ្សាច់កណ្តាល ដែលទើបត្រឡប់មកពីប្រទេសថៃ


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB) និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបអញ្ជើញមកពីប្រទេសថៃ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាលមានសរុបចំនួន២០៥នាក់។

នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល និងសមាជិក សមាជិកា និងលោក លោកស្រី ដែលជាតំណាង រោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេស 7NG ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនយើង ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយការជួបជុំនេះបង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខ ដល់បងប្អូនពលករយើងទាំងអស់ ជាពិសេសពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូរពីសុខទុក្ខក៏ដូចជា សុខសុវត្ថិភាពនិងការរស់នៅរបស់បងប្អូនជានិច្ចកាល។

ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកថា សង្គ្រាមដែលបានកើតឡើងប៉ុន្មានថ្ងៃកន្លងទៅ រាជរដ្ឋាភិបាលយើងមានការសោកស្តាយ ចំពោះការឈ្លានពានរបស់ភាគីសៀមមកលើបូរណភាពទឹកដីកម្ពុជា និងបានធ្វើឲ្យវីរកងទ័ពយើងបានពលី ក្នុងសមរភូមិ មានអ្នកស្លាប់ របួស និងមានជនភៀសសឹកចាកចោលលំនៅឋាន ហើយប្រទេសកម្ពុជាយើងធ្លាប់មានបទពិសោធន៍យ៉ាងគ្រប់គ្រាន់ចំពោះរឿងសង្រ្គាម ដូចនេះ យើងមិនត្រូវការសង្រ្គាមទៀតទេ យើងត្រូវការសន្តិភាព និងមិនចង់បង្កសង្រ្គាមជាមួយប្រទេសណាមួយនោះទេ។

បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនជាពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវនាំគ្នា ធ្វើការងារក្នុងស្រុករបស់យើង ដែលរាជរដ្ឋាភិបាលកម្ពុជា យើងបានផ្តល់ជូននូវឱកាសការងារថ្មីៗជាច្រើនកន្លែងសម្រាប់បងប្អូន និងមានជំនាញផ្សេងៗគ្នាជាច្រើន។ ជាពិសេស នៅស្រុកខ្សាច់កណ្តាល មានរោងចក្រច្រើន ផ្នែកមានដូជាឧស្សាហកម្មកាត់ដេរ, រោងចក្រផលិតខ្សែភ្លើង ជាដើម, ហើយបងប្អូនអាចចូលធ្វើការបានភ្លាមក៏បងប្អូនទទួលបានបៀវត្ស ស្របតាមសមត្ថភាពការងារ។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តឲ្យបងប្អូនជាពលករមកពីប្រទេសថៃ អាចមានជម្រើសចូលបំពេញការងារក្នុងចំការ ឬដាំដុះបន្លែនៅកសិដ្ឋានជ័យធំ ដែលមានផ្ទះសំណាញ់ស្រាប់ជាច្រើនខ្នង ហើយបងប្អូន នឹងទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដូចជា ការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម។

ជាមួយគ្នានោះដែរ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនថា ដោយមានការគិតគូរពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល តែងតែយកចិត្តទុក្ខដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសបងប្អូន ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយនៅចំពោះមុខ សូម បងប្អូនយើងត្រូវតែខិតខំបំពេញការងារក្នុងស្រុកយើងឲ្យខ្លាំងមានចំណេះ និងជំនាញច្បាស់លាស់ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិទាំងអស់គ្នា ជាមួយនិងរាជរដ្ឋាភិបាល។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ឯកឧត្តមបណ្ឌិតប្រតិភូបានក៏បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន មានដូជាអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខ មី ជាដើម ដែលជាអំណោយរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដើម្បីចែកជូនដល់បងប្អូន សម្រាប់យកទៅដោះស្រាយសម្រាលបន្ទុក ការលំបាកចំពោះមុខមួយចំនួនក្នុងគ្រួសារ ទម្រាំទទួលបានការងារធ្វើនៅក្នុងស្រុក។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យកសិដ្ឋានកសិដ្ឋានជ័យធំ មានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែនៅកសិដ្ឋាននេះ ស្របពេលដែលសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងតែជំរុញការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូល នឹងលើកកម្ពស់អ្នកដាំដុះ របស់កសិករសំរាប់ផ្គត់ផ្គង់តម្រូវការអ្នកបរិភោគ។

បច្ចុប្បន្ននេះ កសិដ្ឋានជ័យធំ កំពុងតែដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ អនុវត្តបច្ចេកទេសដាំតាម បទដ្ឋាន GAP គិតពីសុវត្ថិភាពអ្នកប្រើប្រាស់ហើយកសិដ្ឋាននេះ មានដាំដុះ ខាត់ណាដើមប៉ោង ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ស្ប៉េងប៉ោះឈើរី ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានជ័យធំ ត្រូវពង្រីកការដាំដុះបន្ថែមទៀត ដើម្បីឆ្លើយតបនិងសេចក្តីត្រូវការរបស់អ្នកបរិភោគ ព្រោះក្នុងកាលទេស:នេះ គឺជាឱកាសមួយដ៏ល្អ ដែលកម្ពុជាត្រូវរួមគ្នាងាកមកប្រើប្រាស់ផលិតផលខ្មែរគាំទ្រកសិករ អ្នកដាំដុះក្នុងស្រុក មានដូចជា បន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វជាដើម៕