សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានខ្លឹមសារដូច្នេះថា៖

នៅក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងចូលមកដល់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាសោមនស្ស រីករាយជូនចំពោះ ឯកឧត្តមជាមួយនឹងការជូនពរជ័យ សិរីមង្គល បវរមហាប្រសើរដ៏ថ្លៃថ្លាបំផុត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងជន្មាយុយឺនយូរ។

ឯកឧត្តម បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់បំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីស្នេហាជាតិមាតុភូមិ ដើម្បីពង្រឹងនិតិរដ្ឋ អភិបាលកិច្ចល្អ និងការការពារ ឯករាជ្យភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ នាំមកនូវសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន។ ក្រៅពីនេះ ឯកឧត្តម តែងតែចូលរួមជាវិភាគទានជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវរាល់បញ្ហាលំបាកៗចំពោះមុខ ជាពិសេសក្នុងកាលៈទេសៈប្រទេសកំពុងទទួលរងការឈ្លាពានទឹកដីពីកងទ័ពថៃ។

ខ្ញុំ សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕